John 6

ព្រះយេស៊ូឲ្យអាហារ​មនុស្សប្រាំពាន់​នាក់​

1បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូ​ក៏​យាងទៅត្រើយម្ខាងនៃបឹងកាលីឡេ​គឺ​បឹង​ទីបេរាស 2ហើយមាន​បណ្ដាជនច្រើនកុះករមកតាមព្រះអង្គព្រោះ​ពួកគេ​បាន​ឃើញទីសំគាល់​អស្ចារ្យ​ទាំងប៉ុន្មានដែល​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នកឈឺ 3ដូច្នេះព្រះ​យេស៊ូ​ក៏​យាងឡើងទៅលើភ្នំហើយ​បាន​គង់នៅទីនោះជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ 4រីឯបុណ្យ​រំលង​ដែល​ជា​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិតជិតមកដល់​ដែរ។ 5នៅពេលព្រះ​យេស៊ូទតទៅនោះ​ក៏​ឃើញបណ្ដាជនច្រើនកុះករ​កំពុង​មកព្រះអង្គ​ព្រះអង្គ​ក៏​មានបន្ទូលទៅ​លោក​ភីលីពថា៖ ​«តើ​ឲ្យ​យើង​ទិញនំប៉័ងពីណាមកដើម្បី​ឲ្យ​អ្នក​ទាំង​នេះបរិភោគ​បាន?» 6ព្រះអង្គមានបន្ទូលដូច្នេះ​ដើម្បី​ល្បងលគាត់ប៉ុណ្ណោះព្រោះព្រះអង្គដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុងធ្វើហើយ 7លោកភីលីពទូល​ទៅ​ព្រះអង្គថា៖ ​«ទោះបី​ទិញ​នំប៉័ង​អស់កាក់​ពីររយឌេណារី​ហើយ​ចែកម្នាក់បន្តិចៗក៏ដោយ​ក៏​នៅតែ​មិនគ្រាន់​សម្រាប់​គ្រប់គ្នា​ដែរ» 8សិស្សរបស់​ព្រះអង្គម្នាក់​ឈ្មោះ​អនទ្រេ​ជា​ប្អូន​របស់​លោក​ស៊ីម៉ុនពេត្រុស​បាន​ទូល​ទៅ​ព្រះអង្គថា 9«នៅ​ទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំនិងត្រីពីរប៉ុន្តែ​តើ​ធ្វើ​ដូចម្ដេចគ្រាន់បើ​មនុស្ស​ច្រើន​ម៉្លេះ?» 10ព្រះយេស៊ូមានបន្ទូលថា៖ ​«ចូរ​ឲ្យមនុស្សទាំងឡាយអង្គុយចុះ»។ ​នៅទីនោះមានស្មៅច្រើនណាស់ដូច្នេះ​ពួកគេ​ក៏​អង្គុយចុះ​គឺ​មាន​គ្នាប្រហែលប្រាំពាន់នាក់ 11បន្ទាប់មកព្រះ​យេស៊ូ​ក៏​យកនំប៉័ងមកហើយអរព្រះគុណ​រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយតាមដែល​ពួកគេ​ត្រូវការ​រីឯ​ត្រី​វិញ​ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះដែរ 12ពេលពួកគេ​ឆ្អែតហើយ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គថា៖ ​«ចូរ​ប្រមូលចំណិតនំប៉័ងដែលនៅសល់កុំខ្ជះខ្ជាយឡើយ»។ 13ពួកសិស្ស​ក៏​ប្រមូលចំណិត​នំប៉័ង​នៅសល់ពីនំប៉័ងប្រាំដុំដែលបណ្ដាជន​បាន​បរិភោគហើយ​ពួកគេ​ប្រមូល​បាន​ពេញដប់ពីរកន្ត្រក 14ពេលមនុស្សទាំងប៉ុន្មាន​បាន​ឃើញទីសំគាល់អស្ចារ្យដែល​ព្រះអង្គ​បាន​ធ្វើនេះ​ពួកគេ​ក៏​និយាយថា៖ ​«លោក​នេះពិតជាអ្នកនាំព្រះបន្ទូលដែល​ត្រូវ​មកក្នុងពិភពលោកនេះមែន»។ 15ពេលព្រះ​យេស៊ូដឹងថា​ពួកគេ​បម្រុងមកបង្ខំព្រះអង្គ​ឲ្យ​ធ្វើជាស្ដេចនោះ​ព្រះអង្គ​ក៏​យាង​តែ​ម្នាក់ឯង​ឡើង​ទៅលើភ្នំវិញ

ព្រះយេស៊ូដើ​រ​លើ​ទឹក​

16លុះ​ដល់ពេលព្រលប់​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចុះទៅមាត់បឹង 17ក្រោយពីចុះទូកហើយ​ពួកគេ​ក៏​ឆ្លងបឹងឆ្ពោះទៅ​ក្រុង​កាពើណិម​រីឯ​ព្រះ​យេស៊ូមិនទាន់​យាង​មកពួកគេទេទោះបីជាងងឹតហើយក្ដី 18ដោយសារតែខ្យល់បក់ខ្លាំងពេក​នោះ​ធ្វើឲ្យ​បឹង​មាន​រលក 19ហើយពេល​ចែវទូកបាន​ឆ្ងាយ​ប្រហែលបួនប្រាំគីឡូម៉ែត្រ​ពួកគេ​ក៏​ឃើញ​ព្រះ​យេស៊ូយាងដើរលើបឹងហើយ​ពេល​មកដល់ជិតទូកនោះ​ពួកគេ​ភ័យខ្លាចជាខ្លាំង 20ប៉ុន្តែព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«កុំខ្លាចអីគឺខ្ញុំទេ 21ពេលនោះពួកគេ​ក៏​ទទួលព្រះអង្គ​មក​ក្នុងទូកហើយទូក​ក៏​មកដល់ដីគោកភ្លាមជា​កន្លែង​ដែល​ពួកគេ​បម្រុង​ទៅ

ព្រះយេស៊ូជា​នំប៉័ង​ជីវិត​

22នៅថ្ងៃបន្ទាប់បណ្ដាជនដែលនៅត្រើយម្ខាង​នៃ​បឹង​បាន​ដឹងថានៅទីនោះគ្មានទូកផ្សេងទេក្រៅពី​ទូក​មួយ​នោះ​ហើយ​មាន​តែ​ពួក​សិស្សប៉ុណ្ណោះ​ដែល​ចេញទៅ​រីឯ​ព្រះ​យេស៊ូ​វិញ​មិន​បាន​ទៅជាមួយ​ពួក​សិស្សទេ 23ពេលនោះមាន​ទូក​ខ្លះទៀតមកពីក្រុងទីបេរាសចូលមកជិតកន្លែងដែល​ពួកគេ​បាន​បរិភោគនំប៉័ង​ក្រោយពេល​ព្រះអម្ចាស់​បាន​អរព្រះគុណ​ហើយ​នោះ។ 24ពេលបណ្ដាជន​បាន​ឃើញថា​ព្រះ​យេស៊ូនិង​ពួក​សិស្ស​របស់​ព្រះអង្គមិននៅទីនោះដូច្នេះ​ពួកគេ​ក៏​ចុះទូកទៅ​ក្រុង​កាពើណិម​តាម​រកព្រះអង្គ 25ពេលបាន​ជួបព្រះអង្គ​នៅ​ត្រើយម្ខាងហើយ​ពួកគេ​ទូល​សួរ​ព្រះអង្គថា៖ ​«លោក​គ្រូ! ​លោក​មកដល់ទីនេះ​ពី​កាលណា?» 26ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថា​អ្នករាល់គ្នា​រកខ្ញុំនេះមិនមែនដោយសារ​បាន​ឃើញទីសំគាល់អស្ចារ្យទេគឺដោយសារ​អ្នករាល់គ្នា​បាន​បរិភោគនំប៉័ងហើយ​បាន​ឆ្អែតប៉ុណ្ណោះ 27ចូរកុំធ្វើការ​ដើម្បី​តែ​អាហារដែល​នឹង​ខូចរលួយប៉ុន្តែ​ចូរ​ធ្វើការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់ជីវិតអស់កល្បជានិច្ចដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នាដ្បិតព្រះជាម្ចាស់​ដ៏ជា​ព្រះវរបិតា​បាន​ដៅព្រះអង្គ​ចំណាំ​ទុក»។ 28ពួកគេក៏ទូល​សួរ​ព្រះអង្គថា៖ ​«ដើម្បីធ្វើកិច្ចការ​របស់​ព្រះជាម្ចាស់បាន​តើ​ឲ្យ​យើង​ធ្វើអ្វី​ខ្លះ?» 29ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«នេះជាកិច្ចការ​របស់​ព្រះជាម្ចាស់គឺ​ឲ្យ​អ្នករាល់គ្នា​ជឿលើ​ព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ 30ពួកគេក៏​ទូល​សួរ​ព្រះអង្គទៀតថា៖ ​«បើដូច្នេះ​តើ​លោក​នឹង​ធ្វើទីសំគាល់អស្ចារ្យអ្វីដើម្បី​ឲ្យ​យើង​ឃើញហើយជឿលោក?តើ​លោក​នឹង​ធ្វើអ្វី? 31កាលនៅទីរហោឋានដូនតា​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណាដូចមាន​សេចក្ដី​ចែងទុកថា​ព្រះអង្គ​បាន​ប្រទាននំប៉័ងពីស្ថានសួគ៌ឲ្យពួកគេបរិភោគ»។ 32ព្រះយេស៊ូក៏មានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថាមិន​មែន​លោក​ម៉ូសេឲ្យនំប៉័ងពីស្ថានសួគ៌​ដល់​អ្នករាល់គ្នាទេគឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំទេតើ​ដែល​បាន​ប្រទាននំប៉័ង​ដ៏​ពិតពីស្ថានសួគ៌​ដល់​អ្នករាល់គ្នា 33រីឯនំប៉័ង​របស់​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​មួយ​អង្គ​ដែលយាងចុះពីស្ថានសួគ៌ហើយប្រទានជីវិតឲ្យមនុស្សលោក» 34ពួកគេទូលព្រះអង្គទៀតថា៖ ​«លោក​ម្ចាស់អើយ! ​សូម​ឲ្យនំប៉័ងនោះ​មក​យើងជារៀងរហូត 35ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំជានំប៉័ងជីវិត​អ្នក​ណា​ដែលមកខ្ញុំមិនឃ្លានទៀតឡើយហើយ​អ្នក​ណា​ដែលជឿលើខ្ញុំ​ក៏​មិនស្រេកទៀតដែរ 36ប៉ុន្តែខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នារួចហើយថា​អ្នករាល់គ្នា​បាន​ឃើញខ្ញុំប៉ុន្តែ​អ្នករាល់គ្នា​មិនជឿទេ 37អស់អ្នកដែល​ព្រះ​វរ​បិតាប្រទាន​ឲ្យ​ខ្ញុំនឹងមកខ្ញុំហើយ​អស់​អ្នកដែលមកខ្ញុំ​ខ្ញុំ​នឹង​មិនបោះបង់ចោលឡើយ 38ព្រោះខ្ញុំ​ចុះពីស្ថានសួគ៌មកមិនមែនធ្វើ​តាម​បំណង​របស់​ខ្លួនឯងទេគឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់ខ្ញុំឲ្យមក 39ហើយនេះជាបំណង​របស់​ព្រះជាម្ចាស់​ដែលចាត់ខ្ញុំឲ្យមកគឺមិន​ឲ្យ​ខ្ញុំ​បាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេប៉ុន្តែ​ខ្ញុំ​នឹង​ប្រោសពួកគេ​ឲ្យ​រស់ឡើងវិញនៅថ្ងៃចុងក្រោយ 40ដ្បិតនេះហើយជាបំណងរបស់​ព្រះ​វរ​បិតាខ្ញុំគឺ​ឲ្យ​អស់អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ចរីឯ​ខ្ញុំ​នឹង​ប្រោសអ្នកនោះ​ឲ្យ​រស់ឡើងវិញនៅថ្ងៃចុងក្រោយ»។ 41ពួកជនជាតិ​យូដាក៏រអ៊ូរទាំ​ដាក់​គ្នា​អំពីព្រះយេស៊ូព្រោះ​ព្រះអង្គ​មានបន្ទូលថាខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌ 42ពួកគេនិយាយថា៖ ​«តើ​អ្នក​នេះមិនមែនជាយេស៊ូកូនប្រុស​របស់​លោក​យ៉ូសែបដែលយើង​បាន​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយទេ? ​ហេតុដូចម្ដេចក៏​គាត់​និយាយថា​ខ្ញុំ​ចុះមកពីស្ថានសួគ៌ដូច្នេះ 43ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ឈប់រអ៊ូរទាំ​ដាក់​គ្នា​ទៀត​ទៅ! 44គ្មានអ្នកណា​អាចមកខ្ញុំបានទេលុះត្រាតែ​ព្រះ​វរ​បិតាដែលចាត់ខ្ញុំឲ្យមកនាំពួកគេ​មក​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​នឹង​ប្រោសអ្នកនោះ​ឲ្យ​រស់ឡើងវិញនៅថ្ងៃចុងក្រោយ 45មានសេចក្ដីចែង​ទុក​នៅក្នុង​បទគម្ពីរ​របស់​ពួកអ្នកនាំព្រះបន្ទូលថាព្រះជាម្ចាស់បង្រៀន​គេ​ទាំងអស់គ្នា។ ​អស់អ្នកដែល​បាន​ស្ដាប់​បាន​រៀនពី​ព្រះ​វរ​បិតា​អ្នកនោះ​នឹង​មកខ្ញុំ 46ហើយគ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​វរ​បិតាឡើយលើកលែងតែ​ព្រះ​មួយ​អង្គ​ដែលយាងមកពីព្រះជាម្ចាស់ប៉ុណ្ណោះ​គឺ​ព្រះអង្គ​នេះហើយ​បាន​ឃើញ​ព្រះ​វរ​បិតា 47ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្នកណាជឿ​អ្នកនោះ​មានជីវិតអស់កល្បជានិច្ច 48ខ្ញុំនេះ​ហើយជានំប៉័ងជីវិត 49កាលនៅទីរហោឋានដូនតា​របស់​អ្នករាល់គ្នា​បាន​បរិភោគ​នំ​ម៉ាណាហើយ​បាន​ស្លាប់​អស់​ទៅ 50ប៉ុន្តែនេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌អ្នក​ណា​ដែលបរិភោគ​អ្នកនោះ​មិនស្លាប់ឡើយ 51ខ្ញុំជានំប៉័ងជីវិតដែល​ចុះ​មកពីស្ថានសួគ៌បើអ្នកណាបរិភោគនំប៉័ងនេះ​អ្នកនោះ​នឹង​មាន​ជីវិតអស់កល្បជានិច្ចហើយនំប៉័ងដែលខ្ញុំនឹងឲ្យដើម្បី​ឲ្យ​មនុស្សលោក​មាន​ជីវិត​នោះ​គឺ​ជារូបសាច់​របស់​ខ្ញុំ»។ 52ពេលនោះពួក​ជនជាតិ​យូដាជជែកគ្នាថា៖ ​«តើ​អ្នក​នេះអាចឲ្យសាច់​របស់​គាត់​មក​យើងបរិភោគបានយ៉ាងដូចម្ដេច 53ព្រះយេស៊ូក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាបើ​អ្នករាល់គ្នា​មិនបរិភោគសាច់​និង​មិនផឹកឈាមរបស់កូនមនុស្សទេ​អ្នករាល់គ្នា​គ្មានជីវិតក្នុងខ្លួនឡើយ 54អ្នកណាបរិភោគសាច់និងផឹកឈាម​របស់​ខ្ញុំ​អ្នកនោះ​មានជីវិតអស់កល្បជានិច្ច​ហើយ​ខ្ញុំ​នឹង​ប្រោសអ្នកនោះ​ឲ្យ​រស់ឡើងវិញនៅថ្ងៃចុងក្រោយ 55ពីព្រោះសាច់​របស់​ខ្ញុំជាអាហារដ៏ពិតហើយឈាម​របស់​ខ្ញុំជាភេសជ្ជៈ​ដ៏​ពិត 56អ្នកណាបរិភោគសាច់​របស់​ខ្ញុំនិងផឹកឈាម​របស់​ខ្ញុំអ្នកនោះ​នៅ​ជាប់នឹងខ្ញុំ​ហើយ​ខ្ញុំនៅជាប់នឹងអ្នកនោះ 57ព្រះវរបិតាដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ហើយ​ខ្ញុំមានជីវិតដោយសារ​ព្រះ​វរបិតាជាយ៉ាងណានោះ​អស់​អ្នក​ដែល​បរិភោគខ្ញុំ​នឹង​មានជីវិតដោយសារខ្ញុំ​ជា​យ៉ាងនោះដែរ 58នេះជានំប៉័ងដែល​ចុះ​មកពីស្ថានសួគ៌មិនមែនដូចជា​នំបុ័ង​ដែលដូនតា​របស់​អ្នករាល់គ្នា​បាន​បរិភោគហើយស្លាប់​នោះ​ទេ​ផ្ទុយទៅវិញ​អ្នកណាបរិភោគនំប៉័ងនេះអ្នកនោះ​នឹង​មានជីវិតអស់កល្បជានិច្ច»។ 59ព្រះអង្គមានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​នៅពេល​កំពុង​បង្រៀនក្នុងសាលាប្រជុំក្នុង​ក្រុង​ការពើណិម

សិស្ស​ជា​ច្រើន​ឈប់​ជឿ​ព្រះយេស៊ូ

60ពេល​ពួក​សិស្ស​របស់​ព្រះអង្គជាច្រើន​បាន​ដូច្នេះ​ពួកគេ​ក៏​និយាយថា៖ ​«ពាក្យនេះហួសហេតុពេក​តើ​អ្នកណាអាចទទួលយកបាន 61កាលព្រះ​យេស៊ូដឹងថា​ពួក​សិស្ស​របស់​ព្រះអង្គ​កំពុង​រអ៊ូរទាំអំពី​ពាក្យសំដី​ទាំងនេះ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​ពាក្យសំដី​ទាំងនេះធ្វើឲ្យអ្នករាល់គ្នា​ទាស់ចិត្ត​? 62ចុះទម្រាំ​អ្នករាល់គ្នា​ឃើញកូនមនុស្សឡើងទៅកន្លែងដែល​លោក​នៅពីមុនវិញ​នោះ​យ៉ាងណាទៅ! 63វិញ្ញាណផ្ដល់​ជីវិតរូបសាច់គ្មានប្រយោជន៍អ្វីឡើយ​ឯ​ពាក្យសំដីដែលខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នាគឺជាវិញ្ញាណហើយជាជីវិត 64ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមាន​អ្នក​ខ្លះមិនជឿទេ» ​ព្រះ​យេស៊ូ​បាន​ដឹងតាំងពីដំបូងថាអ្នកណាជាអ្នកមិនជឿហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ 65ព្រះអង្គមានបន្ទូលទៀតថា៖ ​«ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាគ្មាន​អ្នក​ណាអាចមកខ្ញុំ​បាន​ទេលើកលែងតែ​ព្រះ​វរ​បិតានាំគេមក»។ 66តាំងពី​ពេល​នោះមកសិស្ស​របស់​ព្រះអង្គ​ជា​ច្រើន​បាន​ដកខ្លួនលែងដើរជាមួយព្រះអង្គទៀត 67ព្រះយេស៊ូមានបន្ទូលទៅ​សាវក​ទាំង​ដប់ពីរថា៖ ​«តើ​អ្នករាល់គ្នាចង់ចាកចេញដែរ 68លោកស៊ីម៉ូនពេត្រុស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ឲ្យ​យើង​ទៅរក​អ្នកណា​វិញ? ​ដ្បិត​ព្រះអង្គមានបន្ទូល​ដែល​នាំ​ទៅ​ឯ​ជីវិតអស់កល្បជានិច្ច 69យើងបាន​ជឿហើយដឹងថាព្រះអង្គជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់» 70ព្រះយេស៊ូឆ្លើយ​ទៅ​ពួកគេថា៖ ​«តើ​ខ្ញុំមិន​បាន​ជ្រើសរើសអ្នករាល់គ្នា​ទាំង​ដប់ពីរនាក់ទេ? ​ប៉ុន្តែ​មាន​ម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអារក្ស​សាតាំង» 71គឺព្រះអង្គ​មានបន្ទូល​អំពី​យូដាស​ជា​កូន​លោក​ស៊ីម៉ូនអ៊ីស្ការីយ៉ុត​និង​ជា​សាវក​ម្នាក់​ក្នុងចំណោម​សាវក​ទាំង​ដប់ពីរដ្បិតគាត់បម្រុង​នឹង​ក្បត់ព្រះអង្គហើយ
Copyright information for KhmKCB